កម្មវិធីវិនិយោគឃុំ៖ និរន្តរភាពហិរញ្ញវត្ថុសម្រាប់ការអភិរក្សត្រីមេពូជ
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ អង្គការ IUCN និង FACT បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីជម្រើសនានាក្នុងការទទួលបានកញ្ចប់ថវិកាគាំទ្រពីផែនការវិនិយោគឃុំ ដើម្បីទទួលបានមូលនិធិសម្រាប់ជួយគាំទ្រដល់កន្លែងអភិរក្សត្រី មេពូជដែលទើបបានបង្កើតឡើងចំនួន៣កន្លែង នៅបឹងទន្លេសាប។.
ជារៀងរាល់ឆ្នាំ មូលនិធិនៃផែនការវិនិយោគឃុំ ត្រូវបានផ្តល់ថវិកាជាមធ្យមចំនួន ១០.០០០ ដុល្លាអាមេរិច/ឆ្នាំ សម្រាប់ឃុំនីមួយៗ នៃចំនួនឃុំសរុប ១.៦២១ឃុំ នៅក្នុងប្រទេសកម្ពុជា។ ដែលវាជាកម្រិតទាបបំផុតតំណាងឲ្យ កិច្ចដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងជាសមាសភាពមួយសំខាន់នៃដំណើរការវិមជ្ឈការរបស់ ប្រទេសនេះ។ សក្តានុពលនៃការទទួលបានមូលនិធិគាំទ្រពីផែនការវិនិយោគឃុំ គឺអាចទៅរួច។ កន្លែងអភិរក្សត្រី មេពូជដែលមានទីតាំងស្ថិតនៅឃុំកំពង់ភ្លុក ខេត្តសៀមរាប គឺជាកន្លែងអភិរក្សដែលធំជាងគេបំផុតក្នុងចំណោម កន្លែងអភិរក្សត្រីមេពូជ ទាំងបីកន្លែង បានទទួលថវិកាចំនួន ៣១.៥០០ ដុល្លាអាមេរិច/ ឆ្នាំ។.
បច្ចុប្បន្ន ផែនការវិនិយោគឃុំទំនងជាមិនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបែបនេះឡើយ ពីព្រោះនៅពេលដែលការ ពិចារណាអំពីគម្រោងការការពារបរិស្ថាន និងធនធានធម្មជាតិត្រូវបានដាក់បញ្ចូលទៅក្នុងផែនការវិនិយោគឃុំ គម្រោងនេះកម្រនឹងទទួលបានកញ្ចប់ថវិកាគាំទ្រណាស់។ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលគាំទ្រគម្រោងនានា បានព្យាយាមដោះស្រាយបញ្ហានេះ ប៉ុន្តែការទទួលជោគជ័យនៅមានកំណត់ដោយសារហេតុផលជាច្រើន។.
បញ្ហាទីមួយគឺ មូលនិធិរបស់ផែនការវិនិយោគឃុំភាគច្រើនត្រូវបានផ្តល់ទៅឱ្យផ្នែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដោយសារតែខ្វះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមសហគមន៍ជនបទ សមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរស្រុកតែងតែផ្តល់អាទិភាពទៅឱ្យប្រភេទនៃការងារនេះ។.
បញ្ហាទីពីរ គឺបទពិសោធន៍របស់សមាជិកក្រុមប្រឹក្សាឃុំនៅមានកម្រិត ដែលជាញឹកញាប់ពួកគាត់ត្រូវការជំនួយពីថ្នាក់ស្រុកដើម្បីរៀបចំផែនការវិនិយោគឃុំ។ វាបានបង្ហាញពីបញ្ហាកាន់តែធំដែលទាក់ទងនឹងកង្វះការអប់រំ និងការយល់ដឹងនូវសក្តានុពលនៃការទទួលបានត្រឡប់មកវិញពីការវិនិយោគលើធនធានធម្មជាតិដែលជាមូលដ្ឋាននៃការចិញ្ចឹមជីវិតនៅទីជនបទប្រកបដោយនិរន្តរភាព។.
ការដោះស្រាយគម្លាតនៃចំណេះដឹង និងកសាងសមត្ថភាពរបស់មន្ត្រីថ្នាក់ឃុំ និងស្រុកទាំងនេះ គឺជាជំហានសំខាន់នៅក្នុងការរៀបចំផែនការវិនិយោគឃុំ ដែលបំពេញតាមតម្រូវការរយៈពេលវែងរបស់សហគមន៍ជនបទ។.
ការកែលម្អការគ្រប់គ្រងធនធានធម្មជាតិជាលក្ខណៈប្រព័ន្ធ និងមានប្រសិទ្ធភាព តម្រូវឱ្យមានការបញ្ចូលទៅក្នុងផែនការវិនិយោគឃុំដែលជាផ្នែកមួយនៃថវិកាកម្មវិធី ដែលមានន័យថាជាការផ្លាស់ប្តូរការយល់ឃើញ និងអាកប្បកិរិយាទូទៅចំពោះដំណើរការផែនការវិនិយោគឃុំ។ អង្គការ IUCN និង FACT នឹងរៀបចំកិច្ចពិគ្រោះយោបល់អំពី បញ្ហាប្រឈម និងឱកាសនានា ព្រមទាំងចាប់ផ្តើមពិភាក្សាស្វែងរកដំណោះស្រាយតាមរយៈការរៀបចំសិក្ខាសាលា ថ្នាក់ជាតិស្តីពីផែនការវិនិយោគឃុំដែលគ្រោងនឹងរៀបចំឡើងនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៦ខាងមុខ។.